ប្រវត្តិក្រុងភ្នំពេញ
ពីមុនភ្នំពេញមានឈ្មោះថា ក្រុងចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។ ឈ្មោះនេះដែរយើងបានយកមកពីការរត់ប្រសព្វគ្នានៃទន្លេ គឺមាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោមទន្លេបាសាក់និង ទន្លេសាប ។ ទន្លេទាំង៤បានរត់ប្រសព្វគ្នាត្រង់កន្លែងដែលក្រុងចតុមុខបានតាំង នៅ ក្រុងចតុមុខ។ភ្នំពេញបានក្លាយទៅជារាជធានីនៃប្រទេសកម្ពុជា ជាលើកដំបូង ក្នុងរជ្ជកាលស្តេចពញាយ៉ាត ដែលជាស្តេចនៃអាណាចក្រ ខ្មែរ នាសម័យនោះ។ ស្តេច ពញាយ៉ាត បានរើរាជធានី ពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីវាត្រូវបានក្តោបយក ដោយប្រទេសថៃប៉ុន្មាន ឆ្នាំមុននោះបន្តិច។ ក្នុងរជ្ជកាលព្រះបាទ នរោត្តម ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញបានក្លាយជាកន្លែងឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងព្រះបរមរាជវាំង ។
ទីក្រុងភ្នំពេញចាប់ផ្តើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រឹស្តសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរមកកសាងព្រះរាជវាំងថ្មី នៅ ទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។ ប៉ុន្ដែដោយទីទួលបាសាណនោះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់បានសាងប្រាសាទព្រះរាជវាំងហើយគង់នៅបានតែមួយឆ្នាំ ក៏ទ្រង់ស្ដេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅគស ១៤៣៤។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញមានពីរលើក ៖
- លើកទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាលព្រះបាទ ពញាយ៉ាត តែមិនស្ថិតស្ថេរ ។
- លើកទី២ នៅគ្រិស្តសតវង្សទី១៩ រជ្ជកាលព្រះបាទ នរោត្តមទើបស្ថិតស្ថេរ។
ប្រវត្តិ រាជធានីភ្នំពេញតាមរាជពង្សាវតារខ្មែរ
រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ ដោយមានសេចក្តីសំរួលដូចតទៅ ៖ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យ ស្តុកស្តម្ភ ដែលអ្នកផងហៅថា ដូនពេញ ។ ផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។
នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្តោយអោយបាក់ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួកអ្នកស្រុកបានដង្ហែរូបបដិមាទាំងនោះ យកទៅដំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដីពូនដំបូកភ្នំខាងឥសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២ ។
តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឥសានព្រះវិហារ រួមគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃលោកតាព្រះចៅ) ។
ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិអធម ។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែភ្នំដូនពេញ ដូចយើងហៅសព្វថ្ងៃនេះ ។
គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សសាវតា និងអត្តបទចម្លងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមានពុទ្ធបដិមាបួនអង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ព្រះពុទ្ធរូប ពីរអង្គមានព្រះភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គ មានព្រះភ័ក្ត្រ តាំងសមាធិ និងរូបសិលា ១ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួកព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នា ។
រដ្ឋបាល
ភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា។ រាជធានីភ្នំពេញជាទីក្រុងដែលមានស្ថានភាពភូមិបាល ស្មើនឹងខេត្តមួយដែរ។ រាជធានីភ្នំពេញចែកជា ៧ខណ្ឌ ក្នុងនោះរួមមាន ៧៦សង្កាត់ ដែលមាន ៦៣៧ក្រុម៖
រដ្ឋបាលខណ្ឌ សង្កាត់ ក្រុម នៃក្រុងភ្នំពេញ | |||||
---|---|---|---|---|---|
ឈ្មោះខណ្ឌ | ចំនួនសង្កាត់ | ចំនួនក្រុម | |||
ខណ្ឌចំការមន | ១២ | ៩៥ | |||
ខណ្ឌដូនពេញ | ១១ | ១៣៤ | |||
ខណ្ឌប្រាំពីរមករា | ៨ | ៣៣ | |||
ខណ្ឌទួលគោក | ១០ | ១៤៣ | |||
ខណ្ឌដង្កោ | ១៥ | ១៤៣ | |||
ខណ្ឌមានជ័យ | ៨ | ៣០ | |||
ខណ្ឌឫស្សីកែវ | ១២ | ៥៩ | |||
ខណ្ឌសែនសុខ | សរុប | ៧៦ | ៦៣៧ |
អភិបាលក្រុងភ្នំពេញ
- ១៩៧៩ - ១៩៨០: លោក ខាង សារិន
- ១៩៨០ - ១៩៨២: លោក ចាន់ វ៉ែន
- ១៩៨២ - ១៩៨៥: លោក កែវ ចាន់ដា
- ១៩៨៥ - ១៩៩០: លោក ថោង ខុន
- ១៩៩០ - ១៩៩២: លោក ហ៊ុក ឡង់ឌី
- ១៩៩២ - ១៩៩៣: លោក ស៊ីម កា
- ១៩៩៣ - ១៩៩៨: លោក ឈឹម សៀកលេង
- ១៩៩៩ - ២០០៣: លោក ជា សូផារ៉ា
- ២០០៣- បច្ចុប្បន្ន: លោក កែប ជុតិមា
ប្រជាសាស្ត្រ
នៅឆ្នាំ២០០៦ ភ្នំពេញមានប្រជាជន ២០០៩២៦៤ នាក់លើផ្ទៃដីសរុបរបស់ខ្លួន ៣៧៥គ.ម២ និងមានដង់ស៊ីតេប្រជាជន ២៦៩៦នាក់ក្នុងមួយ គីឡូម៉ែតការេ។ កំនើនប្រជាជនជាមធ្យមគឺ ៣,៩២%។សេដ្ឋកិច្ច
តាំងនៅមុខកាត់ប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ ហើយនិងទន្លេសាប ។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាង ពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៏ សេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុកនិង ប្រទេសនៅលើ សកលលោក ដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បន្ថែមការនាំចេញច្រើន។ ដើម្បី បង្កើនសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋរ ដ្ឋាភិបាល បានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជា តំបន់ទេសចរណ៏ និងតាមរយៈ ភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។ទេសភាពនិងស្ថាបត្យកម្ម
វិស័យដែលទាក់ទាញភ្ញៀវទេសចរណ៏នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាព កម្ពុជា វៀតណាម សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។[[ព្រះបរមរាជវាំង]គឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សារជាថ្មីដោយ ព្រះបាទ នរោត្តម។
វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត ជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកំលាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតំកល់ព្រះពុទ្ឋរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាមដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។
ធាតុអាកាស
ភ្នំពេញមានសីតុណ្ហភាពក្តៅពេញមួយឆ្នាំ។ សីតុណ្ហភាពទីក្រុងមានការប្រែប្រួលពី ១០°ទៅ ៣៨ °C (៥០° ទៅ ១០០ °F)។ ភ្នំពេញមានអាកាសធាតុត្រូពិចទទួលឥទ្ធិពលខ្យល់មូស្សុង។ ចាប់ពីខែឧសភាដល់ខែតុលា ខ្យល់មូស្សុងពីទិសនីរតី បក់នាំខ្យល់មានសំនើមខ្ពស់ពី ឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា។ ចាប់ពីចុងខែវិច្ឆិកាទៅខែមិនា ខ្យល់មូស្សុងបក់នាំខ្យល់ស្ងួតពីទិសឦសាន។ ភ្នំពេញមានកំពស់ទឹកភ្លៀង ខ្ពស់ជាងគេនៅខែកញ្ញានិងតុលា ហើយទាបជាងគេនៅខែមករានិងកុម្ភៈ។ភ្នំពេញមានរដូវ២ដាច់ដោយឡែកពីគ្នាគឺ រដូវប្រាំង និង រដូវវស្សា។ រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែ តុលា ដែលសីតុណ្ហភាពអាចឡើងដល់ ៤០°C។ រដូវប្រាំង គឺចាប់ពី ខែវិច្ឆិកា ដល់ខែ មេសា ដែលសីតុណ្ហភាពអាចធ្លាក់ចុះត្រឹម ២២°C។ ខែដែលល្អសំរាប់ដំណើរកំសាន្តគឺចាប់ពីរខែវិច្ឆការដល់ខែមករា នៅពេលដែលសីតុណ្ហភាពនៃសំណើមបានថយចុះ។
No comments:
Post a Comment